ប្រៀបធៀបស្ថិតិប្រកួតជាមួយឥណ្ឌូណេស៊ីក្នុងពាន AFF Cup

ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឆ្លងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2020 បន្ទាប់ពីយកឈ្នះវៀតណាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលសរុបទាំងពីរជើង​ ២-0។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដំរីសឹកថៃ ទទួលជ័យជម្នះ ២-០ កាលពីជើងទី១ ហើយស្មើ ០-០ ក្នុងជើងទី២។

រំឭកកាលប៉ះគ្នាបីលើកកន្លងមកក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមឥណ្ឌូណេស៊ី បរាជ័យទាំងបីលើក។ ក្នុងឆ្នាំ២០០០ ថៃបានយកឈ្នះ ៤-១ ហើយបានយកឈ្នះដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ ក្នុងឆ្នាំ២០០២ បន្ទាប់ពីបញ្ចប់លទ្ធផលក្នុងការប្រកួត១២០នាទី ២-២។

ជួបគ្នាក្នុងឆ្នាំ២០១៦ ការប្រកួតផ្ដាច់ព្រ័ត្រត្រូវបានរៀបចំលេងពីរជើង ដោយជើងទី១ ឥណ្ឌូណេស៊ីឈ្នះ ២-១ ប៉ុន្ដែពួកគេនៅតែមិនអាចក្លាយជាជើងឯក ក្រោយចាញ់ក្នុងជើងទី២ ២-០ (សរុបលទ្ធផលទាំងពីរជើងថៃឈ្នះ ៣-២)។

ទោះយ៉ាងណាក្ដី សម្រាប់ការជួបតតាំងគ្នាលើកនេះ មិនដឹងថា ឥណ្ឌូណេស៊ី អាចស្គាល់ពាក្យថាជាជើងឯកលើកដំបូង ឬបន្ដឈរជាក្រុមជើងឯករងតទៅទៀត ដ្បិតការឈានដល់វគ្គផ្ដាច់ព្រ័ត្រ៥លើកកន្លងមក ពួកគេមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ខណៈថៃដែលជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់នេះ បានឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ៨លើក និងក្លាយជាជើងឯក៥លើក៕