Uncategorized

យន្តហោះផ្ទាល់ខ្លួន និងផ្ទះទំនើប នឹងប្រគល់ជូនដល់ដៃរបស់ Silva ប្រសិនបើរូបគេព្រមមកលេងនៅក្លឹប Serie A មួយនេះ

David Silva គឺជាតារាឆ្នើមរបស់ក្រុមមេឃខៀវ Manchester City ក្រោយពីបានជួយឲ្យក្រុមមួយនេះលើកពានរង្វាន់ជាច្រើនលើកច្រើនសារ បន្ទាប់ពីរូបលោកបានឈានជើងចូលមកលេងនៅទឹកដីអង់គ្លេសកាលពីឆ្នាំ ២០១០។

តែទោះជាយ៉ាងណា តារាឆ្នើមរូបនេះនឹងចាកចេញពីក្រុមមេឃខៀវនាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅចុងខែនេះតែម្ដង ខណៈកុងត្រារបស់កីឡាករវ័យ ៣៤ ឆ្នាំនឹងត្រូវផុតកំណត់នាថ្ងៃទី ២៤ សីហាឆ្នាំនេះ​ និងមិនបានបន្តកុងត្រាថ្មីជាមួយ Man City ទៀតឡើយ។

ទន្ទឹមនឹងនេះផងដែរ​ យោងទៅតាមរបាយការណ៍ដែលទទួលបានពីសារព័ត៌មាន Tuttosport បានឲ្យដឹងថា មានក្លឹបមួយនៅ Serie A ដែលកំពុងតែសម្លឹង និងចង់បានតារាឆ្នើមអេស៉្បាញរូបនេះទៅចូលរួមជាមួយពួកគេ ហើយថែមទាំងសន្យាថា ប្រសិនបើ Silva ព្រមទៅលេងនៅ Serie A ពួកគេនឹងផ្ដល់ជូននូវសំណើរដ៏អស្ចារ្យសម្រាប់ខ្សែបម្រើរូបនេះតែម្ដង។

ដោយឡែកក្លឹបដែលចង់បាន Silva នោះគឺ Lazio ខណៈសំណើរដ៏អស្ចារ្យដែលពួកគេធានាផ្ដល់ជូនកីឡាកររូបនេះគឺ យន្តហោះផ្ទាល់ខ្លួន និងផ្ទះដ៏ប្រណិត ជាមួយនឹងប្រាក់ពលកម្មប្រមាណ ៥២ ០០០ ផោន/សប្ដាហ៍ថែមទៀតផង។

យ៉ាងណាមិញ The Sun ក៏បានរាយការណ៍ថា David Silva ធ្លាប់រកបាន ២២០ ០០០ ផោន/សប្ដាហ៍អំឡុងពេលលេងនៅ​ Man City តែកីឡាកររូបនេះ ក៏ត្រៀមខ្លួនរួចស្រេចហើយផងដែរ សម្រាប់ប្រាក់ចំណូលដែលនឹងមិនសូវទទួលបានច្រើនដូចពីពេលកន្លងទៅ។

បើទោះបីជាត្រៀមចិត្តរួចរាល់ហើយក្ដី ក៏រូបលោកនៅទាមទារចង់បានប្រមាណ ៨៦ ០០០ ផោន/សប្ដាហ៍សម្រាប់ប្រាក់ពលកម្ម ព្រោះគិតថា ៥២ ០០០​ ផោនហាក់ដូចជាតិចតួចពេក។

គួរបញ្ជាក់ដែរថា ប្រសិនបើ Lazio មិនយល់ព្រមសំណើររបស់ David Silva ក៏នៅតែមានក្លឹបជាច្រើនទៀតដែលតម្រង់ជួរគ្នាចាំទិញ កីឡាករអេស៉្បាញ ដូចជាក្រុមនៅ MLS និងនៅប្រទេសចិនជាដើម៕

ប្រភព: givemesport

 

You may also like