fbpx
បាល់ទាត់អឺរ៉ុប

អត់​ហត់​ជិះ​របស់​គេ តារា​ឆ្នើម​បាល់ទាត់ ៥ រូប ​ទៅ​ណា​មក​ណា​ប្រើ​សុទ្ធ​តែ​យន្តហោះ​ផ្ទាល់​ខ្លួន

ជាមួយ​នឹង​ចំណូល​ដែល​រក​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ឆ្នាំៗ​ពី​វិស័យ​កីឡា​បាល់ទាត់ ក៏​ញាំង​ឲ្យ​ការ​រស់នៅ​របស់​កីឡាករ​ឆ្នើម​កំពូលៗ​មាន​ភាព​ហឺហារ​មិន​ចាញ់​សេដ្ឋីៗ​ក្នុង​លោក​នោះ​ឡើយ។

ក្រៅ​ពី​ការ​រស់នៅ​ក្នុង​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ ជិះ​រថយន្ត​សេរ៊ី​ទំនើប​តម្លៃ​ខ្ទង់​លាន តារា​បាល់ទាត់​ ៥ រូប​នេះ ក៏​មាន​ទាំង​យន្តហោះ​ឯកជន​ទៀត​ផង ពោល​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា រមែង​តែ​ហោះ​ដោយ​យន្តហោះ​ខ្លួន​ឯង មិន​ប្រើប្រាស់​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ណា​មួយ​នោះ​ឡើយ។

អត្ថបទនេះ CamboTrends បង្ហាញ​តម្លៃ​យន្តហោះ​ឯកជន​របស់​កីឡាករ​បាល់ទាត់​ទាំង ៥ ដូច​ខាង​ក្រោម៖ (បញ្ជាក់៖ មានកីឡាករមួយចំនួនទៀតក៏មានយន្តហោះផ្ទាល់ខ្លួនដែរ តែនេះយើងច្បិចយកតែកីឡាករដែលហ៊ានចំណាយច្រើនបំផុតប៉ុណ្ណោះ)

៥.Neymar យន្តហោះ Embraer Legacy 450 តម្លៃ ១៣,១៩ លាន​ដុល្លារ


កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​លោក​រូប​នេះ ក៏​មាន​ប្រើប្រាស់​យន្តហោះ​ឯកជន​ផ្ទាល់​ខ្លួន​ផង​ដែរ។ ដោយ​ធុន​នេះ​អាច​ហោះ​បាន​ក្នុង​ល្បឿន​អតិបរមា ៨៥៤ គ.ម/ម៉។ តាម​របាយការណ៍​ក្រៅស្រុក​បាន​បង្ហើប​ថា​ Neymar មិនមែន​មាន​យន្តហោះ​ឯកជន​តែ​មួយ​គ្រឿង​ទេ ទៀត​សោត​លោក​ក៏​មាន​ធុន​តូច​មួយ​ផ្សេង​ទៀត​សេរ៊ី Embraer Phenom 100 ដែល​មាន​តម្លៃ​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក។

៤.Paul Pogba យន្តហោះ Gulfstream G280 តម្លៃ ២១,៩៨ លាន​ដុល្លារ


Pogba បាន​ប្រែ​ក្លាយ​ជា​កីឡាករ​មាន​ចំណូល​កប់​ពពក​មួយ​រូប ក្រោយ​ផ្លាស់​ចេញ​ពី Juventus មក​កាន់​ទឹកដី Old Trafford នៅ​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា។ សម្រាប់​ប្រាក់​ចំណូល​របស់ Pogba នៅ United គឺ​រក​បាន​ប្រមាណ​ជិត ៣ សែន​ផោន/សប្តាហ៍។

ក្រឡេក​ទៅ​មើល​យន្តហោះ​ឯកជន​របស់​កីឡាករ​បារាំង​ធុន​នេះ គឺ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ ១០ នាក់ និង​មាន​ល្បឿន​អតិបរមា​ ៩០០ គ.ម/ម៉។

៣.Zlatan Ibrahimovic យន្តហោះ Cessna Citation Longitude តម្លៃ ២៥,៦៤ លាន​ដុល្លារ


Zlatan បាន​ឆ្លង​កាត់​ការ​ប្រកប​អាជីព​ឲ្យ​ក្លឹប​កំពូល​ជា​ច្រើន​មាន​តាំង​ពី Barcelona, Inter Milan, AC Milan និង Man Utd ជា​ដើម។ កីឡាករ​ស៊ុយអែត​ក៏​រាប់​ជា​កីឡាករ​មាន​ចំណូល​ក្រាស់ក្រែល​មួយ​រូប​ផង​ដែរ ដោយ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជិត ២០០ លាន​ដុល្លារ​ឯ​ណោះ។ ក្រឡេក​ទៅ​មើល​យន្តហោះ​ឯកជន​របស់​លោក​អាច​ផ្ទុក​អ្នក​ដំណើរ ១២ នាក់ ជាមួយ​នឹង​ល្បឿន​អតិបរមា ៨៨១ គ.ម/ម៉។

២.Lionel Messi យន្តហោះ Embraer Legacy 650 តម្លៃ ៣០,៥ លាន​ដុល្លារ


នាម​ជា​កីឡាករ​ឈ្នះ​ពាន Ballon d’Or ៦ សម័យ​កាល​ច្រើន​ដាច់​គេ Lionel Messi ក៏​ជ្រក​ក្រោម​ជីវិត​រស់នៅ​ដ៏​ស៊ីវិល័យ​មិន​ខុស​ពី​កីឡាករ​កំពូល​ឯ​ទៀត​នោះ​ដែរ។

សម្រាប់​យន្តហោះ​របស់ M10 គឺ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន ១៤ នាក់ និង​មាន​ល្បឿន​អតិបរមា​ ៨៥០ គ.ម/ម៉។

១.Cristiano Ronaldo យន្តហោះ Gulfstream G650 តម្លៃ ៦១ លាន​ដុល្លារ

កីឡាករ​មាន​ទ្រព្យ​ច្រើន​ដាច់​គេ​លើស​ពី ៥០០ លាន​ដុល្លារ​អាមេរិក​រូប​នេះ ក៏​មាន​យន្តហោះ​ឯកជន​ដ៏​ទំនើប​មួយ ដែល​មាន​ការ​រចនា​យ៉ាង​ស្រស់ស្អាត​រំលេច​ពាក្យ CR7 ទៀត​ផង។ យន្តហោះ​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ ១៨ នាក់ និង​មាន​ល្បឿន​អតិបរមា ៩៨១ គ.ម/ម៉។ វា​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ Gulfstream Aerospace មាន​ទីស្នាក់ការ​នៅ​ឯ​សហរដ្ឋអាមេរិក៕

ប្រភព៖ TopSoccerBlog

អានអត្ថបទបន្ទាប់៖ Rose បង្ហើបត្រង់ៗថាលោក Pochettino ធ្លាប់ជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់ របស់តារាឆ្នើម Man Utd រូបនេះ

ខ្សែការពារ Danny Rose របស់ក្រុម Tottenham បានបង្ហើបឱ្យដឹងថាអតីតអ្នកចាត់ការរបស់គេ គឺលោក Mauricio Pochettino ជាអ្នកគាំទ្រដ៏ងប់ងល់មួយរបស់ខ្សែការពារក្រុម Manchester United អំឡុងពេលដែលរូបគេ កំពុងអភិវឌ្ឍខ្លួននៅក្នុងក្រុម Hull City ។

Harry Maguire  

ជាក់ស្តែងម្នាក់នោះគឺជាកីឡាករ Harry Maguire ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីផ្លាស់ប្តូរនៅក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា ៨០ លានផោនពីក្រុម Leicester មកកាន់ទឹកដី Old Trafford កាលពីរដូវក្តៅមុន ខណ:កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក៏បានទទួយតំណែងជាប្រធានក្រុម ជំនួស Ashley Young ដែលបានចាកចេញពីក្លឹបកាលពីខែមករា ផងដែរ ។

Harry Maguire

ហើយយ៉ាងណាមិញ Rose ដែលបច្ចុប្បន្នកំពុងលេងឲ្យក្រុម Newcastle បានបើកទម្លាយអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងមួយរបស់លោក Pochettino សម្រាប់ខ្សែការពារវ័យ ២៧ រូបនេះ អំឡុងពេលដែលគាត់នៅជាអ្នកចាត់ក្រុម Spurs ។

Harry Maguire

មិនតែប៉ុណ្ណោះដោយនិយាយទៅកាន់ផេក The Lockdown Tactics , Rose បាននិយាយថា ៖​ “ ខ្ញុំចាំថាយើងបានលេងទល់ក្រុម Hull City នៅទឹកដី White Hart Lane (ក្នុងខែធ្នូឆ្នាំ ២០១៦) ហើយយើងបានយកឈ្នះពួកគេដោយលទ្ធផល ៣-០ ។ Tottenham) បាននៅជាមួយគាត់ ។ នៅពេលនោះលោក Mauricio គឺជាអ្នកចាត់ការទូទៅរបស់យើង ដោយគាត់បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Maguire ” ។

Harry Maguire

គេបន្តទៀតថា ៖ ” ចាប់តាំងពេលនោះមកលោក Poch ចាំផ្តើមកត់សំគាល់ និងតាមដានស្ថានភាពរបស់ខ្សែការពារឆ្នើមរូបនេះ ជានិច្ច មិនថានៅពេលរូបគេចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសក៏ដោយ ។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ Maguire ហាក់មិនបានធ្វើឲ្យលោក Pochettino ខកបំណងឡើយចំពោះការអភិវឌ្ឍរបស់គេ ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker