Diogo Jota និយាយអ្វីខ្លះ ក្រោយរកគ្រាប់បាល់ធានាជ័យជំនះ ឱ្យព័រទុយហ្គាល់ ដោយគ្មានវត្តមាន Ronaldo?

Diogo Jota មានអារម្មណ៍ថា រូបគេមិនមានសំពាធនោះទេ ក្នុងការលេងក្នុងតំណែងរបស់ Cristiano Ronaldo ហើយអាចរកគ្រាប់បាល់បាន២គ្រាប់ សម្រាប់ការប្រកួតជ័យជំនះ 3-0 លើស៊ុយអែតនៅ Nations League។

Diogo Jota

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Liverpool រូបនេះ បានរកគ្រាប់បាល់សម្រាប់ក្រុមព័រទុយហ្គាល់ នៅទឹកដី Estadio Jose Alvalade បន្ទាប់ពីបញ្ជូនបាល់ឱ្យ Bernado Silva ស៊ុតបើកឆាកក្នុងការប្រកួតនោះ។

Jota បានជាប់ជម្រើស១១នាក់ដំបូងជាលើកទី២ សម្រាប់ក្រុមដែលដឹកនាំដោយលោក Fernando Santos បន្ទាប់ពី តារាឆ្នើម Ronaldo ត្រូវអវត្តមាន បន្ទាប់ពី ឆ្លងវីរុសកូរ៉ូណា។

Cristiano Ronaldo

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមបាននិយាយថា៖ “វាជារាត្រីដ៏អស្ចារ្យ ហើយនឹងការបង្ហាញទម្រង់លេងល្អមួយសម្រាប់ប្រទេសរបស់ខ្ញុំ។ យើងទទួលបានលទ្ធផលល្អទល់នឹងស៊ុយអែត ដែលពិបាកក្នុងការប្រកួតតទល់ ដូច្នេះយើងមានមោទនភាពណាស់។”

Diogo Jota

“គ្រូបង្វឹកតែងតែជ្រើសយកកីឡាករ១១នាក់នៅលើទីលាន រៀងរាល់ប្រកួត។ ខ្ញុំបានធ្វើល្អបំផុតនៅលើទីលានប្រកួត។ វាមិនមានសំពាធនោះទេ ក្នុងការជំនួស​ Ronaldo។ យើងជាកីឡាករអាជីព ហើយប្រសិនបើគ្រូបង្វឹក ជ្រើសរើសជម្រើស១១នាក់ ដើម្បីចូលរួមនៅលើទីលាន កីឡាករទាំងនេះ ជាកីឡាករដែលត្រូវតែលេង។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖គ្រូ Barca បោះសម្ដីទៅ Griezmann វិញ រឿងមិនពេញចិត្តតំណែងនៅលើទីលានប្រកួត

អ្នកចាត់ការក្លិប Barcelona លោក Ronald Koeman បានប្រាប់ Antoine Griezmann ថាខ្សែប្រយុទ្ធរូបនេះ នឹងលេងនៅតំបន់ស្លាបខាងស្ដាំ ហើយវាអាស្រ័យលើការព្យាយាមរបស់កីឡាកររូបនេះផងដែរ។

អំឡុងការបំពេញភារកិច្ចជួយក្រុមជម្រើសជាតិ គ្រូបង្វឹកក្រុមមាន់គកបារាំងលោក Didier Deschamps បានបង្ហើបថា Griezmann មិនសប្បាយចិត្តនោះទេ ចំពោះតំណែងរបស់ខ្លួននៅ Barca។

ហើយក្រោយក្រុមបារាំងទទួលបានជ័យជម្នះ 2-1 លើក្រូអាតនៅ Nations League កីឡាករវ័យ២៩ឆ្នាំ បាននិយាយថា លោក Descamps ជាគ្រូបង្វឹកដែលដឹងច្បាស់ពីតំណែងដែលរូបគេគួរតែលេង។

ប៉ុន្ដែលោក Koeman បានឆ្លើយតបទៅវិញថា៖ “គ្រប់គ្នាមានសិទ្ធនិយាយអ្វីដែលខ្លួនចង់និយាយ។ ខ្ញុំបានប្រាប់ទៅ Antoine កាលពីម្សិលម៉ិញ ព្រោះខ្ញុំត្រូវនិយាយប្រាប់គេ មិនមែនដោយសារអ្វីដែលគេបាននិយាយនោះទេ។”

“ខ្ញុំបានប្រាប់គេថាខ្ញុំចង់ឱ្យក្រុមធ្វើបានល្អបំផុត ហើយខ្ញុំដឹងថា គេអាចលេងបាននៅស្លាបខាងស្ដាំ និង តំណែងផ្សេងទៀត។ វាអាស្រ័យលើកីឡាករនីមួយៗ ក្នុងការស្វែងរកតំណែងល្អបំផុតរបស់ខ្លួន។ គេបានធ្វើគ្រប់យ៉ាងតាមលទ្ធភាពដែលគេអាចធ្វើបាន។ គេប្រឹងប្រែង គោរពវិន័យបានល្អ ហើយពេលនេះ គេត្រូវតែមានសំណាងជាងមុន ជាមួយនឹងការសម្រេចមុខទី។ ជំនួបទល់នឹង Sevilla មានឱកាស ពីរទៅបីលើក ដែលគេអាចធ្វើបានប្រសើរជាងនេះ។”

“ផ្អែកលើតំណែងរបស់គេ ខ្ញុំចាំបានថានៅពេលដែលខ្ញុំនៅជាគ្រូបង្វឹកក្រុមហូឡង់ យើងប្រកួតទល់នឹងបារាំង ហើយគេលេងនៅស្លាបខាងស្ដាំ។ គ្រូបង្វឹកជាអ្នកបញ្ជា។”

ប្រភព៖ Goal