Griezmann ផ្ញើសាររំឭកជូនគ្រូ Barca ក្រោយរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិបារាំង

Antoine Griezmann បានបង្ហាញទម្រង់លេងល្អ សម្រាប់ការប្រកួតឱ្យក្រុមជម្រើសជាតិបារាំង ដែលអាចយកឈ្នះលើក្រុមក្រូអាត នៅក្នុងវគ្គចែកពូល Nations League។

ខ្សែប្រយុទ្ធរបស់ Barcelona រូបនេះ បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមដែលដឹកនាំដោយលោក Didier Deschamps នៅ៨នាទីដំបូងនៃការប្រកួត ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ ហើយក្រុមមាន់គកបារាំង ទទួលបានជ័យជំនះ ក្រោយចប់ការប្រកួតដោយលទ្ធផល 2-1។

ក្រោយចប់ការប្រកួត កីឡាកររូបនេះមិនភ្លេចឆ្លៀតនិយាយ ភាពខុសគ្នាស្រលះរវាង ការលេងឱ្យក្រុមជម្រើសជាតិ ជាមួយនឹងការលេងសម្រាប់ក្លិបរបស់ខ្លួន។

Griezmann បានថ្លែងប្រាប់ L’Equipe ថា៖ “វាជាការប្រកួតដ៏ស្មុគស្មាញ មិនល្អពេកទេដើម្បីទស្សនា ហើយក៏ពិបាកលេងផងដែរ។ ទីលានមានលក្ខណៈទន់ វាគឺពិបាក ហើយត្រូវតតាំងជាមួយគូប្រកួតដែលចង់ឈ្នះ។”

“យើងដឹងថាយើងត្រូវឈឺចាប់ប៉ុណ្ណា ហើយរឿងដែលសំខាន់ គឺជ័យជម្នះ ដើម្បីបង្ហាញថាយើងអាចរកគ្រាប់បាល់ ពីឱកាសដែលមានបន្ដិចបន្ដួច។ ខ្ញុំបានផ្ដល់គ្រប់យ៉ាង ខ្ញុំមានអារម្មណ៍ល្អណាស់។ គ្រូបង្វឹក[Deschamps] ដឹងថាកន្លែងណាដែលគួរដាក់ឱ្យខ្ញុំលេង ដូច្នេះខ្ញុំទទួលបានផលចំណេញពីស្ថានភាពនេះ ក្នុងតំណែងនេះ ហើយនឹងទំនុកចិត្តដែល គ្រូបង្វឹក និង មិត្តរួមក្រុមបានផ្ដល់ឱ្យ។”

បើងាកទៅមើលនៅ Barcelona វិញ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ តែងតែលេងនៅតំណែង ស្លាបខាងស្ដាំនៅតំបន់ប្រយុទ្ធ ក្នុងក្រុមរបស់លោក Ronald Koeman ដែលទំនងជាមិនត្រូវនឹងតំណែងល្អបំផុតរបស់ កីឡាកររូបនេះ នៅលើទីលានប្រកួត៕

ប្រភព៖ AS

អានអត្ថបទបន្ទាប់៖Diogo Jota និយាយអ្វីខ្លះ ក្រោយរកគ្រាប់បាល់ធានាជ័យជំនះ ឱ្យព័រទុយហ្គាល់ ដោយគ្មានវត្តមាន Ronaldo?

Diogo Jota មានអារម្មណ៍ថា រូបគេមិនមានសំពាធនោះទេ ក្នុងការលេងក្នុងតំណែងរបស់ Cristiano Ronaldo ហើយអាចរកគ្រាប់បាល់បាន២គ្រាប់ សម្រាប់ការប្រកួតជ័យជំនះ 3-0 លើស៊ុយអែតនៅ Nations League។

Diogo Jota

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Liverpool រូបនេះ បានរកគ្រាប់បាល់សម្រាប់ក្រុមព័រទុយហ្គាល់ នៅទឹកដី Estadio Jose Alvalade បន្ទាប់ពីបញ្ជូនបាល់ឱ្យ Bernado Silva ស៊ុតបើកឆាកក្នុងការប្រកួតនោះ។

Jota បានជាប់ជម្រើស១១នាក់ដំបូងជាលើកទី២ សម្រាប់ក្រុមដែលដឹកនាំដោយលោក Fernando Santos បន្ទាប់ពី តារាឆ្នើម Ronaldo ត្រូវអវត្តមាន បន្ទាប់ពី ឆ្លងវីរុសកូរ៉ូណា។

Cristiano Ronaldo

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមបាននិយាយថា៖ “វាជារាត្រីដ៏អស្ចារ្យ ហើយនឹងការបង្ហាញទម្រង់លេងល្អមួយសម្រាប់ប្រទេសរបស់ខ្ញុំ។ យើងទទួលបានលទ្ធផលល្អទល់នឹងស៊ុយអែត ដែលពិបាកក្នុងការប្រកួតតទល់ ដូច្នេះយើងមានមោទនភាពណាស់។”

Diogo Jota

“គ្រូបង្វឹកតែងតែជ្រើសយកកីឡាករ១១នាក់នៅលើទីលាន រៀងរាល់ប្រកួត។ ខ្ញុំបានធ្វើល្អបំផុតនៅលើទីលានប្រកួត។ វាមិនមានសំពាធនោះទេ ក្នុងការជំនួស​ Ronaldo។ យើងជាកីឡាករអាជីព ហើយប្រសិនបើគ្រូបង្វឹក ជ្រើសរើសជម្រើស១១នាក់ ដើម្បីចូលរួមនៅលើទីលាន កីឡាករទាំងនេះ ជាកីឡាករដែលត្រូវតែលេង។”

ប្រភព៖ Goal