ថ្មីៗនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហើបប្រាប់ពីឆ្នាំណា ដែលខ្លួននឹងពិចារណាចូលនិវត្តន៍ពីអាជីពបាល់ទាត់ បន្ទាប់ពីទទួលបានរង្វាន់មួយផ្សេងទៀត ពីសំណាក់ FIFA ។
ជាក់ស្តែងកីឡាករដែលមានវ័យ ៣៦ ឆ្នាំរូបនេះ មានអាជីពដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងពិភពបាល់ទាត់ ដោយបានឈ្នះពានរង្វាន់នៅទូទាំងទ្វីបអឺរ៉ុប ជាមួយនឹងក្រុមកំពូលៗដូចជា Manchester United, Real Madrid និង Juventus ។
ហើយនៅក្នុងចំណោមសមិទ្ធិផលទាំងនោះ ក៏រួមមានទាំងពានរង្វាន់ Champions League ចំនួនប្រាំ ពានរង្វាន់លីគចំនួន ៧ និងពានរង្វាន់ក្នុងស្រុកចំនួន ៦ ក៏ដូចជា Ballon d’Or ចំនួនប្រាំដងផងដែរ ។
ដោយឡែក ក្នុងពិធីប្រគល់ពានរង្វាន់ FIFA’s The Best កាលពីយប់ថ្ងៃចន្ទ Ronaldo ត្រូវបានគេប្រគល់ពានរង្វាន់ដ៏ពិសេសមួយ សម្រាប់កំណត់ត្រាស៊ុតបញ្ចូលទី សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ទៀតផង ។
មិនតែប៉ុណ្ណោះ នៅក្នុងអំឡុងកម្មវិធីនោះ Ronaldo ត្រូវបានគេសួរនាំអំពីអនាគត ខណ:រូបគេបានឆ្លើយតបវិញថា ៖ “ពេលខ្លះគេសួរខ្ញុំថាខ្ញុំនឹងលេងប៉ុន្មានឆ្នាំទៀត ហើយខ្ញុំសង្ឃឹមថានឹងអាចលេងបានបួន ទៅប្រាំឆ្នាំទៀត។ ហើយវានឹងអាស្រ័យទៅលើផ្លូវចិត្តប៉ុណ្ណោះ ” ៕
ប្រភព: Mirror