កាលពីរដូវក្តៅ ឆ្នាំ ២០១៩ Joao Felix បានផ្ទេរចូលនៅតម្លៃបំបែកកំណត់ត្រា ១២៧,២ លានអឺរ៉ូ មកកាន់ក្លឹបអេស្ប៉ាញ Atletico Madrid តែយ៉ាងណា សមិទ្ធផលរបស់គេជាមួយក្លឹបអេស្ប៉ាញ ហាក់មិនជោគជ័យដូចការគ្រោងទុកឡើយ។ ជាក់ស្តែងនៅ ៩៤ ប្រកួត អាចរកបានតែ ២២ គ្រាប់និង Assist ១២ លើកប៉ុណ្ណោះ។
យ៉ាងណាបើតាមសារសំឡេងបែកធ្លាយ ដែលចុះផ្សាយដោយគេហទំព័រ Record របស់ព័រទុយហ្គាល់បានឲ្យដឹងថា ដើមឡើយពេលផ្ទេរចេញពី ក្លឹប Benfica គឺ Felix ត្រូវបានភ្នាក់ងារ Jorge Mendes តម្រង់ទិសចង់ឲ្យផ្ទេរទៅក្លឹប Manchester City ឯណោះទេ តែដោយសារកញ្ចប់ចំណាយសារនោះ ក្លឹបអង់គ្លេសមិនអាចចាយក្រាស់ក្រែលដល់ក្លឹបអេស្ប៉ាញ ទើបនាំឲ្យបរាជ័យការចរចា។
ប្រភពរៀបរាប់ពីសារសំឡេងរបស់ Mendes៖ “Vieira [អតីតប្រធានក្លឹប Benfica] ចង់ឲ្យខ្ញុំដាក់សំណើតម្លៃផ្ទេរគេ ១២០ លានអឺរ៉ូ ដោយខ្ញុំមានសំណើ ៤ ក្នុងដៃ ហើយអាចរើសយកតែមួយទេ រួចមានតែមួយក្លឹបទេ គឺ Atletico ព្រមឲ្យតម្លៃខ្លួន ១២០ លានអឺរ៉ូហ្នឹង ដោយក្លឹបឯទៀត ចង់ឲ្យគេបន្តនៅ Benfica មួយឆ្នាំទៀតសិន [ដើម្បីធ្លាក់តម្លៃខ្លួន”។
លោក Mendes បន្ត៖ “ក្លឹបល្អបំផុតសម្រាប់ Joao Felix គឺគួរតែទៅចូលរួមជាមួយលោក Pep Guardiola នៅឯ Man City”៕ ប្រភព៖ Record