អតីតកីឡាករជើងចាស់នៃក្លឹបតោខៀវ Chelsea លោក Frank Leboeuf បាននិយាយកាលពីពេលកន្លងទៅថា ប្រសិនណាជាក្លឹបចង់ឈ្នះពានរង្វាន់ Premier League រដូវកាលក្រោយ ចាំបាច់គឺត្រូវតែយក Kylian Mbappe ចេញពីក្លឹប Paris Saint-Germain។
យើងមកមើលរដូវកាលនេះ Chelsea ដែលឈ្នះតែ ១ នៅ ៧ ប្រកួតចុងក្រោយក្នុងលីគ បានចាញ់ពិន្ទុធៀបនឹង Man City ដល់ទៅ ១២ ពិន្ទុ នេះមានន័យឱកាសលើកពានរបស់តោខៀវ គឺបាត់បង់សឹងតែ ៩០ ភាគរយទៅហើយ។
យ៉ាងណាប្រាប់ប៉ុស្តិ៍ ESPN FC លោក Leboeuf យល់ឃើញថា មានតែរង់ចាំដល់ឱកាសសារក្រោយ សម្រាប់ប្រជែងពានលីគកំពូល ហើយត្រូវតែយកយុវជនបារាំង Kylian Mbappe មកចូលរួម នោះទើបអាចឈ្នះពានបាន។ រំឭកថា កីឡាករវ័យ ២៣ ឆ្នាំ បានក្លាយជាខ្សែប្រយុទ្ធលេចធ្លោក្នុងលោក ដោយ ១៥៤ ប្រកួត គេអាចរកបាន ១៣០ គ្រាប់ឯណោះ។ សុពលភាពកុងត្រាកីឡាករបារាំងនឹងត្រូវផុតនៅចុងខែមិថុនា ខាងមុខនេះហើយ៕
ប្រភព៖ Metro