Dani Alves ថា​ Messi ក៏​បាន​យល់​ឃើញ​រឿង​នេះ​ដូច​ជា​ខ្លួន​ដែរ ក្រោយ​ផ្ទេរ​ទៅ PSG

ខ្សែ​ការពារ​ស្លាប​ស្តាំ​នៃ​ក្លឹប Barcelona គឺ​កីឡាករ​ Dani Alves បាន​ទម្លាយ​ចេញ​នូវ​អ្វី​ដែល​បាន​និយាយ​ទៅ​កាន់ Lionel Messi បន្ទាប់​ពី​កីឡាករ​អាហ្សង់ទីន ចាកចេញ​ពី​អ្នក​មាន​បុណ្យ រួច​សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប​បារាំង Paris Saint-Germain។

តាម​ការ​លើក​ឡើង​របស់​កីឡាករ​ប្រេស៊ីល ក៏​និយាយ​ប្រាប់​សារព័ត៌មាន Catalunya Radio បែប​នេះ៖ “Messi គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់ ហើយ​វា​ជា​រឿង​ចម្លែក​ការ​ដែល​មក​ទី​នេះ [Barcelona] មិន​បាន​ឃើញ​វត្តមាន​របស់​គេ”។

លោក​បន្ត៖ “ពេល​ខ្លះ​គ្រប់​យ៉ាង​វា​អាច​កើត​ឡើង​ដូច​តាម​ការ​ស្រមៃ​ចង់​បាន​នោះ​ទេ តែ​យ៉ាង​ណា​ខ្ញុំ​បាន​និយាយ​ទៅ​កាន់ Messi ដោយ​ផ្ទាល់​ហើយ ថា​គេ​នឹង​មិន​អាច​ទៅ​រក​កន្លែង​ណា​ល្អ​ជាង​កន្លែង​នេះ [Barcelona] ទេ រួច​គេ​ក៏​យល់​ស្រប​ដូច​ជា​ខ្ញុំ​ដែរ កំឡុង​ពេល​គេ​ចាកចេញ ជា​រួម​វា​ពិត​ជា​ល្អ ប្រសិន​ Messi អាច​មក​បញ្ចប់​អាជីព​នៅ​ទី​នេះ”។

រំឭក​ថា ម្ចាស់​ពាន Ballon d’Or ៧ សម័យ​កាល បាន​ចាកចេញ​ពី​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​កាល​ពី​រដូវ​ក្តៅ ហើយ​ឥឡូវ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​សេដ្ឋី​បារាំង​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ​ឯ​ណោះ៕ ប្រភព៖ Soccer Laduma