អតីតខ្សែបម្រើក្រុម Arsenal និង Chelsea លោក Emmanuel Petit បានជំរុញឲ្យខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធ Anthony Martial ដើរចេញពីក្រុមបិសាចក្រហម Manchester United ទៅ ។

ជាក់ស្តែង Pogba បានរីករាយជាមួយនឹងការចាប់ផ្តើមយ៉ាងល្អ ដោយ Assists បាន ៤ លើក ក្នុងថ្ងៃបើកឆាករបស់ក្រុម United លើក្រុម Leeds United ប៉ុន្តែយ៉ាងណា កីឡាករធ្លាប់ឈ្នះ World Cup រូបនេះត្រូវអវត្តមានពីទីលានវិញ តាំងពីខែវិច្ឆិកាមកម្ល៉េះ ដោយសាររបួស ។

ហើយមិនតែប៉ុណ្ណោះ Pogba ក៏បានឈានចូលដល់ឆ្នាំចុងក្រោយនៃកុងត្រាបច្ចុប្បន្នរបស់គេ នៅឯទឹកដី Old Trafford ផងដែរ ដោយនៅមិនទាន់មានការពិភាក្សាទៅលើកុងត្រាថ្មីណាមួយ ត្រូវធ្វើឡើងឡើយ ។

យ៉ាងណា ថ្មីៗនេះ អតីតកីឡាករជម្រើសជាតិបារាំង លោក Petit បានបង្ហាញការយល់ឃើញថា Pogba គួរតែចាកចេញពី Man Utd ហើយ ស្របពេល Martial ក៏ដូចគ្នា ។

លើសពីនេះ លោក Petit បានប្រាប់ bookmakers ថា ៖ “ខ្ញុំជឿថាទំនាក់ទំនងវាត្រូវបានបញ្ចប់ហើយ រវាង Paul Pogba និង Manchester United។ អ្នកអាមើលឃើញគេ នៅក្នុងភាសាកាយវិកា ដោយបង្ហាញថាគេមិនសប្បាយចិត្តជាមួយក្លិបទេ វាច្បាស់ណាស់។ ហើយសម្រាប់ Anthony វិញគឺដូចគ្នា ហើយគាត់អាចនឹងត្រូវគេឲ្យតម្លៃជាងនេះ បើសិនផ្លាស់ទៅកន្លែងផ្សេងទៀត ” ៕
ប្រភព: Metro