អតីតនាយកជាន់ខ្ពស់នៃក្លឹប Real Madrid លោក Pedja Mijatovic បានបង្ហាញការជឿជាក់ថា ព័ត៌មានដែល Cristiano Ronaldo នឹងទៅចូលរួមជាមួយក្លឹប Atletico Madrid គឺវាពិតជាមិនអាចទៅរួចទេ ពោលគ្មានហេតុផលអ្វី ត្រូវបុរសវ័យ ៣៧ ឆ្នាំទៅចុះចូលនៅក្លឹបគូប្រជែងរបស់ស្តេចសនោះទេ។
ជាការពិតតាមចចាមអារ៉ាម បន្ទាប់កីឡាករព័រទុយហ្គាល់គិតចង់ដើរចេញពី Old Trafford ក៏ស្រាប់តែមានការផ្សារភ្ជាប់ឈ្មោះ CR7 ទៅកាន់ក្លឹបជាសត្រូ.វ ដឹកនាំដោយលោក Diego Simeone។ ទន្ទឹមនោះ ក៏មានអ្នកគាំទ្របង្ហាញការមិនពេញចិត្ត និងមិនស្វាគមន៍ រីឯ CR7 ត្រឹមបញ្ចេញមតិយោបល់ ជារូបភាពអស់សំណើច។
ងាកមកលោក Mijatovic បានប្រាប់ទៅសារព័ត៌មាន El Larguero ដូច្នោះថា៖ “ខ្ញុំគិតថាវាអត់អាចទៅរួចទេ ខ្ញុំអត់ដឹងស្ថានភាពបែបម៉េចទេ ហើយក៏អត់មានប្រភពព័ត៌មានអ្វីច្បាស់ការដែរ គ្រាន់ថាយល់ឃើញដូចអ្វីដែលអ្នករាល់គ្នាយល់ឃើញ នោះគឺភាពមិនអាចទៅរួច”។
លោកបន្ត៖ “ខ្ញុំគិតថាវាត្រឹមជាក្តីស្រមៃប៉ុណ្ណោះឯង ព្រោះវាជារឿងចម្លែកការដែលយើងគិតថា CR7 នឹងទៅវិលទៅលេងក្នុងទីក្រុង Madrid ទល់ក្លឹប Real Madrid ប្រហែលខ្ញុំត្រូវញីភ្នែកទាំងសងខាងហើយ”៕
ប្រភព៖ បរទេស