ក្លឹប Barcelona មានមូលហេតុជាច្រើន ដែលព្យាយាមចង់លក់ចេញ Frenkie de Jong ឲ្យបានសម្រេចត្រឹមទីផ្សារដោះដូររដូវក្តៅ ដោយហេតុផលចម្បងគឺកត្តាហិរញ្ញវត្ថុ ព្រោះអីកីឡាករហូឡង់ ជាសមាជិកស៊ីថ្លៃបំផុតមួយ ហើយតម្លៃផ្ទេរចេញ រំពឹងអាចកើបចំណូលខ្ពស់ចូលហោប៉ៅក្លឹប។
ទោះជាយ៉ាងណាកីឡាករផ្ទាល់ មិនមានចិត្តចង់ចាកចេញប៉ុន្មាននោះទេ ហើយបើនិយាយអំពីការផ្ទេរទៅក្លឹប Man Utd វិញ ខាងភាគីក្លឹបអង់គ្លេសព្យាយាមចែចូវច្រើនលើកច្រើនសារក៏នៅតែមិនសម្រេច។ ឥឡូវអស់ការអត់.ធ្មត់នឹងក្លឹបប.ង្ខំពេក ក៏នាំឲ្យកីឡាករវ័យ ២៥ ឆ្នាំ ជ្រើសយកផ្លូវបែក តែព្រមលុះត្រាឆ្លងកាត់សំណើក្លឹប ២ ជោគជ័យ។
តាមសារព័ត៌មាន Sky Sport Germany រាយការណ៍ថា បើមិនបានការផ្ទេរទៅក្លឹប Chelsea ឬ Bayern Munich ទេ នោះ De Jong នឹងមិនព្រមដើរចេញពី Barcelona ហើយស៊ូបន្តឈរដល់អស់កុងត្រា។ នេះយើងមិនច្បាស់ថា ការចរចាដំណើរការបែបណាទៀតទេ ដ្បិតអីយុទ្ធនាការរដូវកាលថ្មី នៅ La Liga ក៏កៀកជិតមកដល់ ពោលអ្នកមានបុណ្យត្រូវកំណត់ប៉ះ Rayo Vallecano នៅថ្ងៃទី ១៤ សីហា៕
ប្រភព៖ Sky Sport Germany