Barca ត្រូវបានគេប្រាប់ឱ្យចាយលុយ ២៥ លានអឺរ៉ូ បើចង់បានតារាឆ្នើមនៅ PL ពីររូបនេះ

ក្លិបអ្នកមានបុណ្យ Barcelona ត្រូវក្លិបនៅក្របខ័ណ្ឌ Premier League មួយ ប្រាប់ឱ្យពួកគេត្រូវតែចំណាយលុយ ២៥ លានអឺរ៉ូ (២០,៩ លានផោន) ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើកីឡាករទាំង ២ រូបនេះ មុនពេលទីផ្សារដោះដូរបិទបញ្ចប់ទៅវិញ ។

Xavi

ជាក់ស្តែង ក្លិប Barca បានចុះហត្ថលេខាលើខ្សែការពារ Andreas Christensen ពីក្លឹបតោខៀវរួចហើយ លើការផ្ទេរដោយឥតគិតថ្លៃ ប៉ុន្តែពួកគេនៅតែចង់ពង្រឹងជម្រើសការពាររបស់ខ្លួនបន្ថែមទៀត ជាមួយកីឡាករ Cesar Azpilicueta និង Marcos Alonso ។

ហើយមិនតែប៉ុណ្ណោះ បើយោងតាមប្រភពពី ​​Sport បានឱ្យដឹងថា Barca សង្ឃឹមថានឹងអាចធ្វើការចរចាបន្ថែមទៀតជាមួយក្លិប Chelsea នៅសប្តាហ៍នេះ ជុំវិញការចុះហត្ថលេខាលើកីឡាករទាំងពីរ បើទោះបីជាពួកគេអាចនឹងជួបការលំបាកក្នុងការស្នើសុំឱ្យក្លិបអង់គ្លេស បន្ទាប់តម្លៃខ្លួន សម្រាប់កីឡាករទាំងពីររូបនេះក៏ដោយ។

គួរឱ្យដឹងថា ក្លិប Barca បានផ្តល់ជូនតម្លៃខ្លួន សម្រាប់ Azpilicueta និង Alonso ក្នុងចំនួន ១០ លានអឺរ៉ូ ដោយសារតែកីឡាករទាំងពីរសុទ្ធសឹងតែបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ពួកគេ នៅ Stamford Bridge ។

តែទោះជាយ៉ាងណាក៏ដោយ Chelsea កំពុងប្រកាន់ខ្ជាប់នូវតម្លៃស្នើសុំរបស់ពួកគេ ក្នុងចំនួន ២៥ លានអឺរ៉ូ សម្រាប់ខ្សែការពារទាំង ២ រូបនេះ ខណ:ក្លិបនេះ ក៏នឹងមិនបង្ខំឱ្យមានការលក់ចេញ Azpilicueta និង Alonso ផងដែរ រហូតដល់ពួកគេអាចស្វែងរកអ្នកជំនួសថ្មីបានសិន ៕

ប្រភព: Sportsmole