Ten Hag ប្រាប់ឱ្យថ្នាក់លើ ប្រញាប់ស្វែងរកជម្រើសកីឡាករថ្មី មកបំពេញតំណែងសំខាន់មួយនេះ

អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថាកំពុងប្រាប់ឱ្យថា្នក់ដឹកនាំរបស់ក្លិប ធ្វើការស្វែងរកអ្នកចាំទីថ្មី សម្រាប់ក្រុមរបស់លោក នៅរដូវក្តៅនេះ ។

ជាក់ស្តែងក្លិបបិសាចក្រហម បានចាប់ផ្តើមរដូវកាលថ្មី ជាមួយកីឡាករ David de Gea ដែលនៅតែជាជម្រើសដៃទីមួយ សម្រាប់ក្រុម ប៉ុន្តែកីឡាករអេស្ប៉ាញរូបនេះ នឹងឈានចូលវ័យ ៣២ ឆ្នាំហើយ នៅចុងឆ្នាំនេះ ។

ជាងនេះទៅទៀត De Gea ក៏នឹងត្រូវក្លាយជាកីឡាករគ្មានតម្លៃខ្លួន នៅចុងបញ្ចប់រដូវកាលនេះ បើទោះបីជាក្រុម Man United មានជម្រើសក្នុងការបន្តកុងត្រារយៈពេលមួយឆ្នាំទៀត ជូនដល់កីឡាករសញ្ជាតិអេស្ប៉ាញក្តី ។

មែនទែនទៅ Man Utd ក៏មានជម្រើសអ្នកចាំទីគួរឱ្យទុកចិត្តបានម្នាក់ផងដែរ គឺកីឡាករ Dean Henderson ប៉ុន្តែដោយមិនអាចប្រជែងជាមួយនឹងតំណែងលេងទៀងទាត់បាន ទើបង្ខំឱ្យ Man United សម្រេចអនុញ្ញាតឱ្យកីឡាករអង់គ្លេសរូបនេះ ផ្ទេរទៅចូលរួមជាមួយ Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង។

ហើយឥឡូនេះ យោងតាមកាសែត The Sun បានអះអាងថា លោក Ten Hag កំពុងណែនាំប្រាប់នាយកប្រតិបត្តិការរបស់ក្លឹប ដើម្បីចុះហត្ថលេខាលើអ្នកចាំទីថ្មី និងបានបង្ហើបប្រាប់ពីជម្រើស ដែលលោកពេញចិត្តមួយចំនួន។ ក៏ប៉ុន្តែប្រភពនេះ មិនបាននិយាយពីឈ្មោះកីឡាករជាក់លាក់ណាមួយឡើយ ៕

ប្រភព: Sportsmole