Ten Hag ពន្យល់មូលហេតុដែលដាក់ Ronaldo បម្រុងពេលប៉ះ Brighton

អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag បានពន្យល់មូលហេតុដែល មិនដាក់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ឱ្យលេងក្នុងជម្រើស១១នាក់ដំបូង ក្នុងការប្រកួតដែលក្រុមរបស់លោក បរាជ័យក្រោមថ្វីជើងរបស់ Brighton ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកនៅ Premier League រដូវកាល ២០២២-២៣។

លោក Ten Hag បានការពារការសម្រេចចិត្តរបស់ខ្លួន ដែលឱ្យ ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្កាល់អង្គុយបម្រុង ក៏ព្រោះតែ កីឡាករម្ចាស់អាវលេខ៧រូបនេះ មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីលេងបានពេញប្រកួត ក្រោយអវត្តមានក្នុងការចូលរួមប្រកួតមិត្តភាពមុនបើករដូវកាល នៅប្រទេសថៃ និងអូស្ដ្រាលី។

ជំនួសមកវិញ អតីតអ្នកចាត់ការរបស់ Ajax រូបនេះ បានដាក់ខ្សែបម្រើ Christian Eriksen ឱ្យលេងក្នុងតំណែង False 9 មុនពេលប្ដូរចូល Ronaldo ក្នុងនាទីទី៥៣។

“ប្រសិនបើមានខ្សែប្រយុទ្ធទោលដែលអាចលេងបាន ខ្ញុំអាចដាក់ឱ្យខ្សែប្រយុទ្ធរូបនោះលេង។ ពេលនេះ Cristiano Ronaldo បានចំណាយពេល១០ថ្ងៃក្នុងការហ្វឹកហាត់ជាក្រុម ហើយវាពិតជាពេលដ៏ខ្លីដើម្បីលេង៩០នាទី។ ដូច្នេះនោះជាហេតុផលដែលយើង មិនដាក់គាត់លេងក្នុងជម្រើសដំបូង”។

“យើងបានពិចារណាឱ្យ Marcus Rashford លេងជាខ្សែប្រយុទ្ធកណ្ដាល ប៉ុន្ដែគេលេងបានល្អជាងនៅស្លាបខាងឆ្វេង ហើយគេមានឱកាសល្អៗពីរលើក ប៉ុន្ដែកីឡាករលេខ៩ពិតប្រាកដមិនអាចលេងបាននៅថ្ងៃនេះ”។