លែងចង់ឱ្យទៅណា! Chelsea ត្រៀមបន្តកុងត្រាថ្មីរយ:ពេលវែង ឱ្យតារាឆ្នើមខ្លួនម្នាក់

ក្លិបតោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​ មានការចាប់​អារម្មណ៍​ក្នុង​ការ​ផ្តល់​កិច្ច​សន្យា​រយៈ​ពេល​វែង​ថ្មី​មួយផ្សេងបន្ថែមទៀត ដល់​អ្នក​ចាំទី Edouard Mendy ។

ជាក់ស្តែង កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ ត្រូវបានចុះហត្ថលេខានាំយកមកពីក្រុម Rennes ក្នុងខែកញ្ញា ឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក គេត្រូវបានចាត់ទុកថាជាអ្នកចាំទីដៃទីមួយ ជំនួស Kepa Arrizabalaga ។

ក្នុង​រដូវ​កាល​នោះ Mendy បាន​រក្សា​ Clean Sheet ប្រាំបួនលើក ​នៅគ្រប់ការប្រកួតទាំងអស់ ខណ:ថែមទាំងបាននាំយក Chelsea ឡើងវគ្គផ្តាច់ព្រ័ត្រ និងបាន​យក​ឈ្នះ Manchester City នៅពានរង្វាន់ UCL ផងដែរ ។

ហើយបើទោះពីជាកុងត្រារបស់គេ នៅបន្តរហូតដល់ឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែថ្មីៗនេះ ក្លិប Chelsea នៅតែមានចេតនាចង់ពង្រឹងអនាគតរបស់ Mendy បន្ថែម ជាមួយនឹងការផ្តល់ជូនកុងត្រាថ្មី ។

មិនតែប៉ុណ្ណោះ ជាមួយកុងត្រាថ្មីនេះផងដែរ Mendy នឹងទទួលបានប្រាក់ឈ្នួលល្អជាងមុន ស្របពេលបច្ចុប្បន្ននេះ គេគឺជាអ្នករកប្រាក់ចំណូលទាបបំផុតមួយ នៅក្នុងក្រុម បើធៀបនឹងកីឡាករចំណូលថ្មី Raheem Sterling ដែលត្រូវបានគេរាយការណ៍ថា បានក្លាយជាកីឡាករដែលរកចំណូលបានខ្ពស់បំផុតរបស់ក្លិប ៕

ប្រភព: Sportmole