Barca រង់ចាំ​ដល់​ចុះ​ឈ្មោះ​កីឡាករ​ទាំង​អស់​រួចរាល់​សិន សឹម​បង្ហើយ​ការ​នាំ​ចូល​អ្នក​ថ្មី​ម្នាក់​នេះ

ក្លឹប Barcelona កំពុង​រង់ចាំ​ដំណើរការ​ចុះ​ឈ្មោះ​កីឡាករ​ទាំង​អស់ ទៅ​ក្នុង​ក្របខ័ណ្ឌ La Liga ឲ្យ​បាន​រួចរាល់​សិន ​បន្ទាប់​ពី​មាន​រឿង​រកាំ.រកុស ការ​ដែល​ក្លឹប​នាំ​ចូល​កីឡាករ​ហួស​ប្រមាណ ហើយ​ការ​ចាយវាយ​លើ​ថ្លៃ​ពលកម្ម ខ្ពស់​ជាង​ចំណូល​ដែល​រក​បាន។ ឥឡូវ​ដំណោះស្រាយ គឺ​ក្លឹប​សម្រួល​តាម​រយៈ​ការ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​កីឡាករ​ដែល​កំពុង​ឈរ​ជើង ដើម្បី​ទុក​ចន្លោះ បំពេញ​ចូល​កីឡាករ​យក​បាន​កន្លង​មក ដូច​ជា Robert Lewandowski និង Jules Kounde ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ ក្លឹប​មិន​ទាន់​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​ទេ ដោយ​ល្ហិចល្ហៀង​ថា​ត្រៀម​នឹង​ប្រកាស​ការ​យក​បាន Marcos Alonso មួយ​រូប​បន្ថែម​ទៀត​ចេញ​ពី​ក្លឹប​ Chelsea។ ការ​ចរចា​រវាង​ភាគី​ក្លឹប​និង​ក្លឹប ក៏​ដូច​ជា​ក្លឹប​និង​កីឡាករ គឺ​សុទ្ធ​បាន​ឈាន​ដល់​ការ​សម្រេច​អស់​ហើយ នៅ​ឡើយ​ចាំ​តែ​ច្បាប់​អនុញ្ញាត​ពី​ក្របខ័ណ្ឌ La Liga មួយ​តង់​ចុង​ក្រោយ​ប៉ុណ្ណោះ។

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ នឹង​មក​ចុះចូល​ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez ជា​បុរស​រួម​សញ្ជាតិ លើ​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ បូក​នឹង​សិទ្ធ​បន្ត​ថ្មី​មួយ​ឆ្នាំ។ តែ​យ៉ាង​ណា មិន​ច្បាស់​ថា ការ​បង្ហាញ​វត្តមាន​របស់ Alonso ត្រូវ​អូស.បន្លាយ​ដល់​ពេល​ណា​ទៀត​ឡើយ ដ្បិត​អី​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​ La Liga ត្រូវ​ចូល​មក​ដល់​នា​ចុង​សប្តាហ៍​ខាង​មុខ ដែល​អ្នក​មាន​បុណ្យ​បើក​ឆាក​ត្រូវ​ជួប Rayo Vallecano៕

ប្រភព៖ Goal