Ten Hag បញ្ជាក់បែបនេះ ជុំវិញអនាគតរបស់ Rashford ចំពេល PSG ចង់បានខ្លាំង

គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ថ្មីៗនេះ បានចេញមុខធ្វើការបញ្ជាក់ច្បាស់លាស់ហើយ ជុំវិញអនាគតរបស់ខ្សែប្រយុទ្ធ Marcus Rashford នៅមុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បិទទ្វារទៅវិញ ។

ជាក់ស្តែង នៅមួយរយ:ពេលចុងក្រោយនេះ របាយការណ៍មួយបានអះអាងថា ក្លិបយក្សបារាំង Paris Saint-Germain បានទាក់ទងជាមួយអ្នកតំណាងរបស់កីឡាករសញ្ជាតិអង់គ្លេស ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ ដែលអាចទៅរួចទៅកាន់ទីក្រុងប៉ារីស។

តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានសួរអំពីការរំពឹងទុកជុំវិញរឿងផ្ទេរនេះ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ លោក Ten Hag បានទទូចថា Rashford និងមិនផ្លាស់ប្តូរទៅណានោះទេ នៅរដូវក្តៅនេះ ។

លើសពីនេះ អ្នកចាត់ការក្រុមសញ្ជាតិហូឡង់ បាននិយាយថា ៖ “គាត់ពិតជាសំខាន់ណាស់ សម្រាប់យើង។ អ្នកបានឃើញតាំងពីថ្ងៃដំបូងដែលខ្ញុំចូលមកកាន់ក្លឹប ខ្ញុំពិតជាពេញចិត្តនឹងគាត់ណាស់។ ប្រាកដណាស់ ខ្ញុំមិនចង់បាត់បង់គាត់ទេ។ គាត់ស្ថិតក្នុងគម្រោងរបស់យើង ហើយគាត់នឹងបន្តស្នាក់នៅ Man utd ទៀត ” ៕

ប្រភព: Sportmole