Man Utd ចាប់ផ្តើមជួបចរចាជាមួយក្លិបនៅអេស្ប៉ាញ ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមម្នាក់

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានជួបពិភាក្សាជាមួយ Atletico Madrid លើកិច្ចព្រមព្រៀង ដែលអាចទៅរួចមួយ សម្រាប់ខ្សែប្រយុទ្ធ Alvaro Morata មុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ។

Alvaro Morata 

ខណ:ពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo អាចបន្តនៅ Old Trafford នៅរដូវក្តៅនេះ រួមទាំងការវិលត្រលប់របស់ Anthony Martial បន្ទាប់ពីខ្ចីជើងនៅ Sevilla ប៉ុន្តែក្រុមបិសាចក្រហម នៅតែខ្វះជម្រើសមានគុណភាពនៅតំបន់ប្រយុទ្ធរបស់ខ្លួន ។

យ៉ាងណា ក្លិប Man United ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីមួយរូបទៀត ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ហើយបើយោងទៅតាម The Athletic បានបង្ហាញថា ការនាំយក Morata គឺជាអាទិភាពមួយរបស់ក្លិប ។

របាយការណ៍ដដែលនេះ បានអះអាងទៀតថាក្រុម បិសាចក្រហម បានពិភាក្សារួចហើយ ជាមួយ Atletico នៅពេលភាគីខាងអេស្ប៉ាញ បានជូនដំណឹងទៅក្លិប Premier League ថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ នឹងមានតម្លៃខ្លួន ៣០ លានផោន ៕

ប្រភព: Sportmole