ក្លិបធំនៅ Serie A ចំនួនពីរ ត្រូវគេដឹងថាបានបដិសេធឱកាសនាំយក Ronaldo មកអ៊ីតាលីវិញ

ក្លិបធំនៅអ៊ីតាលី គឺ AC Milan និង Inter Milan ត្រូវបានគេរាយការណ៍មកថា បានបដិសេធឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo នៅរដូវក្តៅនេះ។

ជាក់ស្តែង កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ នៅតែព្យាយាមបង្ខំឱ្យមានការចាកចេញពីក្រុមបិសាចក្រហម នៅពេលដែលរូបគេ ព្យាយាមស្វែងរកឱកាស ដើម្បីលេងនៅក្នុងក្របខ័ណ្ឌ Champions League សម្រាប់រដូវកាល ២០២២-២៣ នេះ​ ។

ហើយយ៉ាងណា យោងតាមអ្នកកាសែតអ៊ីតាលី Tancredi Palmeri បានបង្ហាញឱ្យដឹងថាទីភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes ថ្មីៗនេះ បានទាក់ទងជាមួយក្លិបនៅ​ Serie A ទាំង AC Milan និង Inter Milan ដើម្បីផ្តល់ឱកាសឱ្យពួកគេ ដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ ។

តែទោះជាយ៉ាងណាក៏ដោយ លោក Palmeri អះអាងទៀតថាក្លឹបទាំងពីរនោះ បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើ Ronaldo នោះឡើយ ដែលឥឡូវនេះ រូបគេ ហាក់ដូចជាអាចនឹងបន្តស្នាក់នៅទឹកដី Old Trafford ៕

ប្រភព: Sportmole