កីឡាករ Arsenal ម្នាក់ កំពុងស្នើសុំបញ្ចប់កុងត្រារបស់ខ្លួន ព្រោះចង់ទៅលេងនៅ La Liga

ខ្សែការពារ Hector Bellerin របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានស្នើសុំក្លិបដើម្បីបញ្ចប់កិច្ចសន្យាបច្ចុប្បន្នរបស់គេ ព្រោះចង់វិលត្រលប់ទៅលេងនៅក្លិប Real Betis វិញ ។

ជាក់ស្តែង កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានក្លាយជាជម្រើសទី ៣ នៅក្នុងតំបន់ខ្សែការពារស្លាបស្តាំ របស់គ្រូបង្វឹក លោក Mikel Arteta កាលពីរដូវកាលមុន ដោយស្ថិតនៅពីក្រោយកីឡាករ Takehiro Tomiyasu និង Cedric Soares ។

ហើយយ៉ាងណា បើទោះពីជា Bellerin បានធ្វើដំណើរជាមួយក្រុម Arsenal សម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាលក៏ដោយ ប៉ុន្តែអតីតកីឡាករយុវជន Barcelona រូបនេះ មិនទាន់មានឱកាសចូលរួមជាមួយក្រុម ក្នុងការបង្ហាញនៅក្របខ័ណ្ឌ Premier League ២ លើកចុងក្រោយ នៅរដូវកាលថ្មីៗនេះឡើយ ។

ដោយនៅសល់ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ដើម្បីដំណើរការកុងត្រាបច្ចុប្បន្ន Bellerin ឥឡូវនេះ ត្រូវបានគេរាយការណ៍ថា កំពុងជំរុញឱ្យមានការផ្ទេរជាអចិន្ត្រៃយ៍ ចេញពីក្រុម Arsenal ហើយបានកំណត់យកក្លិប Real Betis ជាគោលដៅទីមួយរបស់ខ្លួន បន្ទាប់ពីបានចំណាយពេល ក្នុងលក្ខខណ្ឌខ្ចីជើង កាលពីរដូវកាលមុន ។

លើសពីនេះ យោងតាមកាសែត Daily Mail បានឱ្យដឹងទៀតថា Bellerin បានជូនដំណឹងដល់ក្រុម Arsenal អំពីបំណងប្រាថ្នារបស់គេ ក្នុងការបញ្ចប់កិច្ចសន្យា ដែលមានតម្លៃ ១សែលផោន ក្នុងមួយសប្តាហ៍ ដើម្បីអនុញ្ញាតឱ្យគេ អាចវិលត្រលប់ទៅកាន់អេស្ប៉ាញវិញ ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅនេះ ៕

ប្រភព: Sportmole