Mount ចុចឈ្មោះកីឡាករក្រុមគូប្រជែងមួយរូប ដែលគិតថានឹងអាចឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំំ របស់ PL

កីឡាករក្រុមតោខៀវ Chelsea កីឡាករ Mason Mount បានលើកយកខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool ថាកំពុងតែនាំមុខគេ ដើម្បីឈ្នះពានកីឡាករឆ្នើមបំផុតក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ។

Mason Mount

ជាក់ស្តែង ថ្វីត្បិតតែក្រុមមេឃខៀវ Manchester City កំពុងតែធ្វើបានល្អខ្លាំងក៏ដោយ ប៉ុន្តែយ៉ាងណា Salah នៅតែបន្តនាំមុខ ក្នុងនាមជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេ ចំនួន ១៥ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ លើកសម្រាប់ក្រុមហង្សក្រហម ហើយថែមទាំងបាន assist ៩ លើកបន្ថែមទៀតផងដែរ ។

Mo Salah

ហើយមិនតែប៉ុណ្ណោះ Mount ជឿជាក់ថាកីឡាករអេហ្ស៊ីបរូបនេះ កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ របស់ Premier League នៅដំណាច់រដូវកាលនេះ ជាក់ជាមិនខាន ។

លើសពីនេះ នៅត្រូវបានគេសួរនាំពីកីឡាករលេចធ្លោនៅក្នុងពេលបច្ចុប្បន្ននេះ  Mount បានឆ្លើយតបវិញថា ៖ “ខ្ញុំគិតថា មានមួយចំនួនតូចដែលកំពុងធ្វើបានល្អខ្លាំង ហើយច្បាស់ណាស់ Mo Salah គឺស្ថិតនៅទីនោះ ជាមួយគ្រាប់បាល់គាត់អាចរកបញ្ចូលទី និងរួមទាំងការបញ្ជូលបាល់របស់គាត់ផងដែរ ” ។

Mo Salah

“គាត់ជាកីឡាករដ៏អស្ចារ្យ ហើយបានចូលលេងប្រកួតធំៗ ជាមួយនឹងការស៊ុតបញ្ចូលទីជាច្រើន។ គាត់ស្ថិតនៅកម្រិតខ្ពស់ណាស់ក្នុងពេលនេះ ហើយខ្ញុំគិតថាគាត់នឹងនាំមុខគេ ដើម្បីក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំ នៅក្នុងលីគ ” ៕​

ប្រភព: Metro