គ្រូធំក្រុមជម្រើសជាតិលេខ១លើលោក ត្រូវបានក្លិបមួយនៅ Premier League ចង់បានមកដឹកនាំក្រុម

ក្លិប Everton កំពុងបង្ហាញការចាប់អារម្មណ៍លោក Roberto Martinez មកចូលកាន់តួនាទីអ្នកចាត់ការក្លិបដែលកំពុងទំនេរ ក្រោយបញ្ចប់តំណែងលោក Rafa Benitez។

មានការរាយការណ៍ថា ក្លិបស្ករគ្រាប់ចង់បានអតីតគ្រូបង្វឹករបស់ពួកគេត្រលប់មកទឹកដី Goodison Park ជាថ្មី ហើយក៏បានធ្វើការទាក់ទងទៅកាន់សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិក ជុំវិញសំណើនេះ។

លោក Martinez ធ្លាប់ដឹកនាំ Everton ម្ដង ចន្លោះពីឆ្នាំ២០១៣ ដល់ ២០១៦។ បន្ទាប់មកលោកបានក្លាយជាគ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិក ក្នុងខែសីហា ឆ្នាំ២០១៦ ដោយបានជួយពួកគេទទួលបានលេខ៣ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។

អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមបិសាចក្រហមបែលហ្ស៊ិក បានកាន់កាប់តំណែងលេខ១ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA ហើយពួកគេជាក្រុមមួយដែលមានក្ដីរំពឹងខ្ពស់ថា អាចប្រជែងតំណែងជើងឯក World Cup 2022 ខាងមុខនេះ៕

ប្រភព៖ BBC