Spurs ត្រៀមយកកីឡាករកំពូលល្បឿនម្នាក់ពីក្លិបរួមលីគ ខណៈចរចាតម្លៃមិនទាន់ត្រូវ

ក្លិប Tottenham Hotspur ត្រូវបានរាយការណ៍ថាខិតកាន់តែកៀក ក្នុងការឈានដល់ការព្រមព្រៀងជាមួយ ខ្សែប្រយុទ្ធ Adama Traore របស់ Wolverhampton Wanderers នេះបើយោងតាមការចុះផ្សាយរបស់ talkSPORT។

ក្លិបទាំងពីរនៅមិនទាន់ឈានដល់ការព្រមព្រៀងគ្នាសម្រាប់ តម្លៃរបស់ខ្សែប្រយុទ្ធស្លាបជនជាតិអេស្ប៉ាញរូបនេះនៅឡើយ ប៉ុន្ដែពួកគេមានឆន្ទៈក្នុងការធ្វើឱ្យការផ្ទេរនេះអាចកើតមានឡើងក្នុងខែមករានេះ។

ប្រភពខាងលើបានបញ្ជាក់ផងដែរថា Wolves ទាមទារតម្លៃ២០លានផោន ប៉ុន្ដែ Spurs ព្រមឱ្យតែ១៥លានផោនប៉ុណ្ណោះ។

អតីតសមាជិករបស់ Barcelona រូបនេះ បានផ្លាស់មកចូលរួមនៅទឹកដី Molineux តាំងពីឆ្នាំ២០១៨ ដោយបានរួមចំណែកជួយពួកគេរក្សាកៅអីនៅ Premier League។

ប៉ុន្ដែអ្នកចាត់ការក្រុមមាន់ខ្នាយមាសលោក Antonio Conte មានការពេញចិត្តសមត្ថភាពរបស់ កីឡាករកំពូលល្បឿនរូបនេះ ហើយចង់បានគេមកលេងនៅតំណែងការពារប្រយុទ្ធស្លាប ដូចកាល Victor Moses នៅ Chelsea ដែរ៕