Rooney ថា Man Utd គួរចុះកុងត្រាលើតារាឆ្នើមរូបនេះ ជាជាង Casemiro

ការផ្ទេររបស់ខ្សែបម្រើឆ្នើម Casemiro ពីក្រុម Real Madrid ទៅកាន់ក្រុមបិសាចក្រហម Manchester United ហាក់បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលកីឡាកររូបនេះ នឹងត្រូវបញ្ចប់ការចំណាយពេលអស់ជាច្រើនឆ្នាំ នៅទឹកដី Bernabeu ។

ទោះពីជាមានអ្នកសាទរច្រើនក៏ពិតមែន តែក៏មានមនុស្សមួយចំនួន យល់ថានេះអាចជាការគិតខុសមួយ សម្រាប់ក្រុមបិសាចក្រហម ដោយសារតែពួកគេ បានព្យាយាមក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong ជាយូរមកហើយនៅរដូវក្តៅនេះ ។

ហើយយ៉ាងណា សូម្បីតែអតីតកីឡាករ Man Utd លោក Wayne Rooney ក៏មិនគិតថាការផ្ទេរនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ក្រុមរបស់លោក Ten Hag នោះឡើយ ដោយគាត់ថែមទាំងទទូចថា ការផ្ទេរយក De Jong អាចជាជម្រើសល្អប្រសើជាង ។

ដោយថ្លែងទៅកាន់កាសែត The Times បុរសសញ្ជាតិអង់គ្លេសនិយាយថា  ៖ ” ពួកគេគួរតែចុះហត្ថលេខាលើកីឡាករមានវ័យក្មេង ហើយសម្រាប់ Casemiro គាត់ដូចគ្នាតែ Christian Eriksen ហ្នឹង ខ្ញុំទទួលស្គាល់ថាពួកគេធ្លាប់ជាកីឡាករល្អ ប៉ុន្តែតើពួកគេនឹងជួយក្លិបសម្រាប់ពេលអនាគតទេ? តាមគំនិតខ្ញុំ Frenkie de Jong ជាគោលដៅស័ក្តិសមជាង សម្រាប់លោក Ten Hag ” ៕

ប្រភព: Football-Espana