fbpx
បាល់ទាត់អឺរ៉ុប

talkSPORT: ចំណាត់ថ្នាក់ តំបន់ប្រយុទ្ធមុតស្រួចបំផុត របស់ក្រុមកំពូលទាំង៥នៅអឺរ៉ុបបច្ចុប្បន្ន

ការដោះដូរនៅអឺរ៉ុបត្រូវបានបញ្ចប់កាលពីសប្ដាហ៍មុន ដោយខ្សែប្រយុទ្ធ Mauro Icardi បានផ្ទេរទៅកាន់ក្លឹប Paris Saint-Geramin ពី Inter Milan ជាមួយនឹងលក្ខខណ្ឌខ្ចីជើង។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានធ្វើដំណើរទៅដល់ ទីក្រុងប៉ារីស ជាមួយនឹងកំណត់ត្រាដ៏ល្អកាលរូបគេលេងនៅ Serie A ដោយអាចរកគ្រាប់បាល់បាន ១១១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៨៨ប្រកួត កំឡូងពេលដែលរូបគេលេងនៅទឹកដី San Siro។

ដោយឡែក ខ្សែប្រយុទ្ធជួរមុខរបស់ PSG មានភាពមុតស្រួចរួចជាស្រេចហើយ ប៉ុន្ដែ ការមកដល់របស់ Icardi កាន់តែធ្វើអោយគូប្រកួត មានភាពខ្លាចរអារ។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ នឹងត្រូវលេងរួមក្រុមជាមួយតារាឆ្នើម Kylian Mbappe, Edinson Cavani និង Neymar ដែលធ្វើអោយពួកគេកាន់តែមានប្រៀបជាងក្រុមដទៃនៅ Ligue 1។

ហើយខាងក្រោមនេះ ជាចំណាត់ថ្នាក់ដែល បានកំណត់ដោយវេបសាយ talkSPORT សំរាប់ក្រុមដែលមានខ្សែប្រយុទ្ធឆ្នើមបំផុតនៅអឺរ៉ុប៖

៥. Juventus

វត្តមានរបស់ Cristiano Ronaldo បានជួយអោយតំបន់ប្រយុទ្ធក្រុម Juventus មានភាពខ្លាំងក្លា ដោយសារសមត្ថភាពរកគ្រាប់បាល់ បើទោះបីជាកីឡាកររូបនេះ មានវ័យ៣៤ឆ្នាំទៅហើយក្ដី ក៏រូបគេអាចរកគ្រាប់បាល់បាន ២៨គ្រាប់ សំរាប់ក្លឹបសេះបង្កង់កាលពីរដូវកាលមុន។

អតីតតារាឆ្នើមរបស់ Real Madrid រូបនេះ បានចូលរួមនៅតំបន់ប្រយុទ្ធជាមួយ Paulo Dybala ខណៈដែលគ្រូបង្វឹក Maurizio Sarri ក៏មានកីឡាករដែលពោរពេញដោយបទពិសោធន៍ដូចជា Gonzalo Higuain និង Mario Mandzukic ដែលលេងជាខ្សែប្រយុទ្ធកណ្ដាល ជាមួយនឹង Douglas Costa និង Federico Bernardeschi លេងប្រយុទ្ធស្លាប។

៤. Liverpool

ទោះមិនបានចំណាយសំរាប់ការដោះដូរដើម្បីនាំយកកីឡាករបន្ថែមមកពង្រឹងក្រុម ប៉ុន្ដែហង្សក្រហមមានតារាឆ្នើមនៅតំបន់ប្រយុទ្ធដូចជា​ Sadio Mane, Mohamed Salah និង Roberto Firmino ដែលជួយអោយក្រុមដែលដឹកនាំដោយគ្រូបង្វឹក Jurgen Klopp រីករាយសំរាប់គ្រាប់បាល់ដែលក្រុមអាចរកបានគ្រប់ប្រកួតនៅដើមរដូវកាលនេះនៅ Premier League។

៣. Manchester City

Man City មិនបានទិញចូលកីឡាករនៅតំបន់ប្រយុទ្ធនៅក្នុងក្រុមទេនៅរដូវក្ដៅនេះ ប៉ុន្ដែកីឡាករដែលមានស្រាប់ សុទ្ធសឹងតែជាកីឡាករឆ្នើម។

Raheem Sterling និង Sergio Aguero រកគ្រាប់បាល់បានសរុប ៥៧គ្រាប់ កាលពីរដូវកាលមុន ខណៈដែល Bernardo Silva ក៏បានសាងភាពលេចធ្លោផងដែរ ដោយរូបគេអាចលេងតំណែងកីឡាករលេខ១០ និង ខ្សែប្រយុទ្ធស្លាបផងដែរ។

មិនខុសពី PSG ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Pep Guardiola មានភាពស្រេកឃ្លានក្នុងការប្រកួត Champions League ហើយពួកគេជាគូប្រកួត ដែលក្រុមនានា មិនចង់ប៉ះ។

២. Barcelona

Barcelona បានចំនាយ១០៧លានផោន ក្នុងការនាំយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid កាលពីរដូវក្ដៅកន្លងទៅ។

Griezamann ជាជម្រើសថ្មីបន្ថែមមួយទៀតលើ កីឡាករឆ្នើមដែលមានស្រាប់ដូចជា Lionel Messi, Luis Suarez និង  Ousmane Dembele សំរាប់ក្រុមអ្នកមានបុណ្យ ដើម្បីប្រជែងពាន Champions League បន្ទាប់ពីជួបរឿងខកចិត្តដែលមិនគួរអោយជឿ ២រដូវកាលជាប់គ្នា។

១. Paris Saint-Germain

ការមកដល់របស់ Mauro Icardi បានធ្វើអោយ PSG ក្លាយជាក្រុមមួយដែលមានខ្សែប្រយុទ្ធឆ្នើមលេចធ្លោជាងគេនៅអឺរ៉ុប។ Neymar មិនបានចាកចេញពីទឹកដី Parc des Princes ឡើយ ហើយខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមជួយក្រុម បន្ទាប់ពីខកខានប្រកួតជាច្រើនខែ ដោយសារបញ្ហារបួស។

Mbappe, Cavani និង Neymar រកគ្រាប់បាល់បានសរុប ៨៥គ្រាប់ កាលពីរដូវកាលមុន ហើយការមកដល់របស់ Icardi អាចជួយអោយពួកគេកាន់តែមានគ្រាប់បាល់ច្រើនពីលើនេះទៅទៀត៕

ប្រភព៖ talkSPORT

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker